កម្ពុជាមានភ័ព្វវាសនាល្អជាងគេក្នុងលោក

Updated: Aug 29, 2019

បើនិយាយអំពី អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រិតរបស់កម្ពុជា រួមទាំងកិច្ចសហការណ៍ដើម្បីរួមចំណែកស្តារនិងការអភិវឌ្ឍន៍សង្គម កម្ពុជាមានភ័ព្វវាសានាជាងប្រទេសនានាក្នុងលោកដែលត្រូវបានការពារយ៉ាងពេញលេញពីសហគមអន្តរជាតិ ប៉ុន្តែកម្ពុជាបែ្រទៅជាប្រទេសដែលអកុសលព្រោះតែមានមេដឹកនាំចោលម្សៀត ។


ក្នុងសតវត្សទី២០ ពិភពលោកបានព្យាយាមករសាងស្នាដៃមួយទុកជាមរតកប្រវត្តិសាស្ត្រនៃដំណោះស្រាយសង្គ្រាមនិងនយោបាយដែលពេលនោះប្រទេសកម្ពុជាគឺជាអ្នកដែលមានភ័ព្វវាសនាទទួលឱកាសដ៏អស្ចារ្យ នេះ ។ កិច្ចព្រមព្រៀងទាក់ទងទៅនិងអធិតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រិត និង ឯកភាពជាតិកម្ពុជា ត្រូវបានចុះហត្ថលេខានិងទទួលស្គាល់ជាសកលនៅក្នុងសន្និសីទអន្តរជាតិស្តីពីបញ្ហាកម្ពុជាកាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ហៅថា ​"សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១" ដែលមាន ១៨ ប្រទេសជាហត្ថលេខីលើសន្ធិសញ្ញាមួយនេះ ។


យោងស្មារតីនៃសន្ធិសញ្ញាអន្តរជាតិ ២៣ តុលា ឆ្នាំ ១៩៩១ កិច្ចរព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និង ឯកភាពជាតិកម្ពុជា ផ្នែកទី​II មាត្រាទី៥ ចំណុច១ ដែលចែងថា ក្នុងករណីមានការរំលោភ ឬ ការគម្រាមកំហែងលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រិតភាព ឬ ឯកភាពជាតិនៃកម្ពុជា ឬ លើការប្តេជ្ញាអនុវត្តន៍ដទៃណាមួយក្នុងកិច្ចព្រមព្រៀងនេះ ត្រូវធ្វើការពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការណ៍សមស្របដើម្បីធានាការគោរពដល់ការប្តេជ្ញាចិត្តទាំងនោះ និងដោះស្រាយរាល់ការរំលោភតាមមធ្យោបាយសន្តិវិធី ។


ក្នុងន័យខាងលើនេះ កម្ពុជា ស្ទើតែមិនត្រូវការកងកម្លាំងប្រដាប់អាវុធសូម្បីកាំភ្លើងយន្តមួយដើមឬកម្លាំងកងទ័ពមួយនាក់ក៏ពុំចាំបាច់ដែរ ក្នុងកិច្ចការពារបូរណភាពទឹកដីដែលមានផ្ទៃក្រឡា ១៨១,០៣៥ គីឡូម៉ែត្រក្រឡា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញខ្មែរបច្ចុប្បន្ននេះ ។






0 views

©2019 by Mounh Sarath