ប្រភេទមនុស្សលាក់ពុត "ចចកពាក់ស្បែកចៀម" ៖

ការធ្វើការនិងរស់នៅក្នុងស្ថាប័នមួយច្បាស់ណាស់ថាអ្នកធ្លាប់ជួបមនុស្សចចកពាក់ស្បែកចៀម។ អ្នកឈ្វាលចៀមតែងតែដេញសត្វទាំងឡាយណាដែលប៉ុនប៉ងចូលទៅក្នុងហ្វូងចៀម ប៉ុន្តែចចកដែលឆ្លាតតែងតែពាក់ស្បែកចៀមដើម្បីបំភ័ន្តភ្នែកគង្វៀលបានជានិច្ច។


នេះមិនមែនគ្រាន់តែជាការលើកឡើងឲ្យល្អមើលនោះទេ ប៉ុន្តែវាជាអ្វីដែលអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះ”មនុស្សដែលមានចរិតជាសត្វចចកពាក់ស្បែកចៀម” ។ មនុស្សប្រភេទ”ចចកពាក់រោមចៀម”អាចនឹងលួចគំនិតរបស់អ្នកដើម្បីធ្វើជារបស់ខ្លួនជាដើម។


ដើម្បីមុខមាត់ខ្លួនមនុស្សចចកប្រើប្រាស់អ្នកដទៃដើម្បីតែជាឈ្នាន់ជាន់ដើម្បីទទួលបានអ្វីដែលគេត្រូវការតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់អំពីអ្វីដែលកើតឡើងលើអ្នកដទៃនោះទេ។ មនុស្សបែបនេះចង់ឲ្យអ្នកបាក់មុខនៅកន្លែងធ្វើការដើម្បីឲ្យចៅហ្វាយនាយមើលមកខ្លួនថាជាមនុស្សអស្ចារ្យ។


មនុស្សចចកផ្អែមខាងក្រៅតែលាក់ចង្កូម គេខំសម្តែងធ្វើជាចិត្តល្អ ប៉ុន្តែមនុស្សសណ្ដាននេះមិនអាចលាក់ចង្កូមរបស់ខ្លួនបានទេ ពីព្រោះគេចូលចិត្តឲ្យអ្នកដទៃគិតថាខ្លួនត្រឹមត្រូវ បើទោះបីខ្លួនបំពានច្បាប់ឬធ្វើខុសក៏ដោយ។

ពេលខ្លះដើម្បីមុខមាត់ខ្លួន កិត្តិយសរបស់ខ្លួន មនុស្សនេះហ៊ានទំលាក់កំហុសទៅលើអ្នកដទៃ។


មនុស្សចចកដឹងថាពួកគេអាចទាញទឹកចិត្តអ្នកតាមរយៈការបញ្ចុះបញ្ចូល។ ពួកគេដឹងអំពីអ្វីដែលអ្នកត្រូវការនិងចង់បាន ហើយពួកគេនឹងផ្ដល់ឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យអ្នកស្ងប់ចិត្ត។ ប្រសិនបើមេរបស់អ្នកជាសត្វចចកពាក់រោមចៀម នៅពេលអ្នកសុំឈប់សម្រាក មេរបស់អ្នកនឹងព្យាយាមសួរដើម្បីឲ្យអ្នកមានអារម្មណ៍ថាមិនគួរឈប់ ឬឲ្យអ្នកបោះបង់ការឈប់សម្រាកឬអនុញ្ញាតិឲ្យអ្នកឈប់សម្រាកតិចថ្ងៃទៅវិញ ។


បើនិយាយពីពុតត្បុតវិញមនុស្សចចកពូកែធ្វើឲ្យអ្នកនៅជុំវិញខ្លួនទន់ខ្សោយ។ មនុស្សចចកធ្វើដូចជាចូលចិត្តអ្វីដែលអ្នកធ្វើ ហើយឲ្យអ្នកមានអារម្មណ៍ល្អចំពោះការសរសើររបស់គេ។ នៅកន្លែងធ្វើការ គេធ្វើដូចរួសរាយរាក់ទាក់ ប៉ុន្តែមនុស្សប្រភេទនេះចាប់ផ្ដើមទម្លាក់កិ្ចចការនានាឲ្យអ្នកធ្វើ។ នៅពេលគេឃើញអ្នកមានអារម្មណ៍តប់ប្រមល់ ពួកគេនឹងមកធ្វើដូចជាភ្ងាក់ផ្អើលហើយព្យាយាមយកចិត្តអ្នក។



0 views

©2019 by Mounh Sarath