ហេតុអ្វីបានចាស់ៗហៅ "មនុស្សត្រចៀកស"

ហេតុអ្វីបានចាស់ៗច្រើននិយាយថា មនុស្សត្រចៀកស? តើត្រចៀកស មានអត្ថន័យយ៉ាងម៉េច? ការពិត លោកប្រៀបធៀប មនុស្សត្រចៀកស ទៅនឹងពពួក មាន់ព្រៃឈ្មោល ដែលមានត្រចៀកស ក្នុងលក្ខណៈធម្មជាតិ ជាសត្វមាន់ព្រៃ។ នៅពេលណា ពពួកមាន់ឈ្មោលព្រៃទាំងនេះ បានឮសម្លេង រងាវរបស់មាន់ព្រៃដទៃទៀត វាក៏ប្រឹងដកកច្រឹង រងាវតបវិញភ្លាម មិនបង្អង់ មិនតែប៉ុណ្ណោះ ហោះហើរតាមទៅរកគ្នា ដើម្បីប្រកួតបំពងសម្លេងរងាវ ឆ្លើយឆ្លងអឺងកង រហូតមានកាលខ្លះ បើកស្លាបក្រញឹង ប្រជល់គ្នាទៅមក រហូតដល់ស្លាប់ ហាក់បីដូចជា សត្រូវសួពូជនឹងគ្នា អញ្ចឹង។ ដោយសារមូលហេតុនេះ ទើបអ្នកប្រមាញ់សត្វព្រៃ តែងចាប់មាន់ព្រៃឈ្មោល មកធ្វើជាធ្នាក់ អោយរងាវ ដើម្បីទាក់មាន់ព្រៃដទៃទៀត អោយហោះចូលស៊ង ចូលអន្ទាក់ រួចទើបគេប្រមាញ់ កៀរគរបានទាំងហ្វូង។ មនុស្សត្រចៀកស មានន័យថា ជាមនុស្សដែលឆាប់ជឿគេ ដោយខ្វះការពិចារណា ព្រោះថា ពេលណាពួកគេ បានឮ ដំណឹងអ្វីបន្តិច ក៏តាំងនាំគ្នា បន្តសំដីផ្សព្វផ្សាយ ឆ្លើយឆ្លងអឺងកងទាំងហ្វូង តាមគ្នា តទល់កម្លាំងសំដីនឹងគ្នា រហូតដល់មានជម្លោះក្តុងក្តាំង រួចហើយក៏ហ៊ានសម្លាប់គ្នាទៅមក ដោយមិនស្តាយជីវិតឡើយ។ ដូច្នេះហើយ ទើបចាស់បុរាណ តែងមានទម្លាប់ ប្រដូចបុគ្គល ដែលឆាប់ជឿសំដីអ្នកដទៃ ដោយខ្វះការពិចារណាដិតដល់នោះ ថាជាមនុស្ស "ត្រចៀកស!"


0 views

©2019 by Mounh Sarath